Thursday, June 11, 2015

ធម៌អញ្ជើញពពួកទេព្តា




​​​​សូមអញ្ជើញទេព្តាទាំងឡាយដែលស្ថិតនៅលើភ្នំតូចភ្នំធំនិគមជនបទមានជាអាទិ៍ ភ្នំយ៉ាត មាត់ជ្រូក ភ្នំឈ្ងក បូកគោ សម្បូរ សម្បុក សន្ទុក សន្ទូច ភ្នំស្រួច ភ្នំស្រង បយ៉ងកោ ឪរ៉ាល់ ពេជ្រនិល ភ្នំទិល ពពែល ពពកវិល ភ្នំវែង ភ្នំវរ ពពែ ចែរចង
អង្គរបុរី ភ្នំស្រី ភ្នំប្រុស សម្កុសកូនមាន់ ទាន់អរ ចរចា ភ្នំដា ភ្នំដែក ដងរែក ភ្នំឌិន ហានជ័យ ជីសូរ អូម្លូរ គូលេន សែនហាន បានលុង សន្លុង រងចាំ ប្រាំពាន់ ធ័នមាន់ អណ្តើកអណ្តែត ភ្នំក្រោម ភ្នំលើ ក្រពើ ឈើកាច ខ្សាច់ស ចចក អកយំ ភ្នំធំ បាធាយ វាយចាប ចំបាប ភ្នំឆាប អដ្ឋរស រិទ្ធិសែន ភ្នំថ្លែង ដំរែង ត្បែងជ័យ សិរីរិទ្ធ ភ្នំប្រាក់ បាសាក់ ភ្នំព្រះ ភ្នំព្រឹក ទឹកផុះ ចុះព្រឹល ព្រះរាជទ្រព្យ គាប់មេត្តី ដំរីរមៀល ភ្នំទ្រាល ភ្នំទ្រាំង ជញ្ជាំង ត្បាំងជី លីលា អូស្មាច អាចម៍សេះ ព្រះនិព្វាន ហិមាល័យ ជ័យបរិយង កងរី ជីលាំងតាំងប្រុស គុហាក្រៅ តាម៉ៅ ចៅព្រាហ្មណ៍ សំពៅ សំពុក ស្រវង់ ឧដ្ដុងឧត្តម ភ្នំតូច ភ្នំទាប ភ្នំរាប ភ្នំទេព ភ្នំតុ  រិទ្ធតុំ រិទ្ធទា ភ្នំទ្វា ភ្នំធា ប៉ុណ្ណេះជាដើម សូមលោកយាងមកស្ថិតក្នុងទីនេះ សូមឲ្យយើងខ្ញុំរំដោះលេងទុក្ខ រំដោះលេងរោគ រំដោះលេងភ័យ រំដោះលេងជម្ងឺឧទ្រពចង្រៃ វិនាសសន្តិ អសេសតោ ។ និងម្យ៉ាងទៀតក៏សូមអញ្ជើញអស់ពួកទេព្តាទាំងឡាយដែលស្ថិតនៅក្នុងចក្កវាឡទាំងមួយសែនកោដិ និងពួកទេព្តាទាំងឡាយ ដែលស្ថិតនៅជ្រោះជ្រងជ្រលងដងអូរ គិរីបព្វតា សីមាព្រះវិហារ អយ្យាអរញ្ញវន្ត នាភពផែនដែនប្រថពី គិរីបរិព័ទ មាត់ទិព្វវន្ត ជាន់ហេមពាន្ត វិមានឧត្តម សមមហាឋាន សម្រាន្តភិរម្យ ជុំចក្រវាឡ វាលលំដរ លំហសមុទ្រ ផុតអាកាស អាវាសព្រះស្តុប តូបព្រះចេតិយ៍ សិរីមហាពោធិព្រឹក្ស វិហារឧបោសថរត្តនារាមតាមវត្ត ពទ្ធសីមាព្រះវិហារ នាកុដិ សាលា ចំការ ស្រែ ក្បែរបឹងបួរ ជួរទន្លេ ឆ្នេរជលស័យ ព្រៃកំប៉ូត មាត់ត្រពាំង រវាំងជុំ ជំរុំកោះ សូមពពួកទេព្តាទាំងឡាយនោះអញ្ជើញមកជួបជុំគ្នាក្នុងទីនេះ ដើម្បីធ្វើនៅការអនុមោទនាបុណ្យកុសលដែលម្ចាស់ទានបានធ្វើហើយក្នុងថ្ងៃនេះ បើសិនជាបានទទួលហើយក៏សូមបែរភក្តងើកក្រោយឲ្យពរសព្វសាធុការ ដល់បុត្រធិតា កូនចៅប្រុសស្រី ព្រមទាំងក្រុមគ្រួសារនៃអ្នកដើមទាននេះ សូមឲ្យបានសុខ បានចម្រើន ប្រកបកិច្ចការងារអ្វីៗឲ្យបានសម្រេចដូចសេចក្តីប្រាថ្នា ៕

No comments:

Post a Comment